ជំងឺបាយភ្ភែក

ជំងឺបាយភ្នែកគឺជាសភាវៈការផ្លាស់ប្តូរតាមធម្មជាតិដែលបណ្តាលមកពីការស្រអាប់របស់ “កែវភ្នែក” ឬ “កញ្ចក់ភ្នែក” ។ ជាទូទៅកែវភ្នែកមានលក្ខណៈថ្លាដែលអនុញ្ញាតឱ្យពន្លឺរស្មីឆ្លងកាត់ដល់សសៃរ៉េទីនសមល្មមអាចមើលឃើញរូបភាពបានច្បាស់ ។ នៅពេលដែលកើតជំងឺបាយភ្នែក បាតភ្នែកទទួលពន្លឺមិនគ្រប់គ្រាន់ បណ្តាលឱ្យមានការស្រអាប់ ហាកបីដូចជាការមើលតាមកញ្ចក់ស្រអាប់ នៅពេលដែលកែវភ្នែកកាន់តែស្រអាប់ របបគំហើញកាន់តែថយចុះតាមលំដាប់ ។ ដូច្នេះហើយ ជំងឺបាយភ្នែកមិនមានការរលាក ឬឈឺចាប់ណាមួយនោះទេ ។ ជំងឺនេះ ច្រើនជួបប្រទះចំពោះមនុស្សចាស់ ជាទូទៅកើតក្នុងកំឡុងអាយុ ៥៥ - ៦៤ ឆ្នាំ ជួបប្រទះ ៤០% ចំណែកឯក្នុង
កំឡុងពេលអាយុ ៦៥ - ៧៤ ឆ្នាំ ជួបប្រទះ ៥០ % និងអាយុច្រើនជាង ៧៤ ឆ្នាំ ជួបប្រទះការកើតជំងឺបាយភ្នែកច្រើនជាង ៩០ % ។ 


ការយល់ដឹងអំពី “ជំងឺបាយភ្នែក” 
១. ជំងឺបាយភ្នែកមិនមែនជារោគឆ្លងនោះទេ ដូច្នេះហើយវាមិនបានឆ្លងពីភ្នែកម្ខាងទៅភ្នែកម្ខាងទៀតនោះឡើយ ។ ភាគច្រើនកើតលើភ្នែកទាំងពីរខាង ប៉ុន្តែរោគសញ្ញាអាចរាលដាលតិចច្រើនមិនដូចគ្នានោះទេ ។ 
២. ការប្រើភ្នែកច្រើនខ្លាំង មិនមែនជាមូលហេតុចម្បងនៃការកើតជំងឺបាយភ្នែក ឬធ្វើឱ្យអាការៈកាន់តែចុះថយនោះទេ ។ 
៣. ជំងឺបាយភ្នែកតែងកើតឡើងយឺតៗ រហូតទាល់តែភ្នែករបស់អ្នកជំងឺស្រអាប់មើលមិនច្បាស់ អាចប្រើពេលច្រើនខែ ឬច្រើនឆ្នាំ ។ ជាទូទៅជំងឺនេះនឹងទទួលបានផលល្អក្រោយពីការព្យាបាលនោះ ។ 


មូលហេតុដែលកើតជំងឺ 
១. មនុស្សចាស់ គឺជាមូលហេតុដែលជួបប្រទះញឹកញាប់បំផុត កែវភ្នែកស្រអាប់នឹងកាន់តែរឹងឡើង ប៉ុន្តែជំងឺបាយភ្នែកប្រភេទនេះកើតឡើងចំពោះមនុស្សដែលមានអាយុ ៤០ ឆ្នាំ ។ 
២. ការគ្រោះថ្នាក់ ជាមូលហេតុដែលអាចបង្កឱ្យកើងជំងឺបាយភ្នែកបាន ប្រសិនបើកែវភ្នែកទទួលការប៉ះទង្គិចយ៉ាងខ្លាំង ដោយរបស់មានមុខស្រួច សារធាតុគីមី ឬចំហាយវិទ្យុសកម្ម ។ 
៣. រោគភ្នែក ឬជំងឺប្រចាំខ្លួនប្រភេទខ្លះ ដូចជាការឆ្លងមេរោគ ជំងឺទឹកនោមផ្អែម ការទទួលទានថ្នាំប្រភេទខ្លះ រោគភ្នែកប្រភេទខ្លះ អាចជាមូលហេតុ ឬបង្កឱ្យកែវភ្នែកកាន់តែស្រអាប់ឡើង ។ 
៤. កត្តាតំណពួជ  និងភាពខុសប្រក្រតីតាំងពីកំណើត ក្នុងករណីដែលជួបប្រទះជំងឺបាយភ្នែកចំពោះមនុស្សពេញវ័យ កើតឡើយដោយសារតំណពួជ ឬការឆ្លងមេរោគ និងការរលាកតាំងពីនៅក្នុងផ្ទៃ ដូចជា មាតាកើតរោគ ស្អូចក្នុងកំឡុងពេលមានគភ៌ ។ ប៉ុន្តែជាច្រើនករណីដែលជំងឺបាយភ្នែកនេះអាចកើតឡើងដោយមិនមានមូលហេតុដែលច្បាស់លាស់នោះទេ ។ 


រោគសញ្ញា 
១. ភ្នែកស្រវាំងហាកដូចជា ព្រិលៗ ឬមានអ័ភ្របាំង ស្រវាំងលឿនឬយឺត តិចឬច្រើន អាស្រ័យលើកំរិតនិងតំណែងការស្រវាំងក្នុងកែវភ្នែក ។ បើកើតឡើងត្រង់បរិវេណជុំវិញកែវភ្នែក អ្នកជំងឺអាចនៅមើលឃើញតាមធម្មតាបាន ។ 
២. មើលឃើញរូបភាពពីរត្រួតគ្នា ស្រវាំង អាការៈដំបូងនៃបាយភ្នែកសម្រាប់អ្នកជំងឺខ្លះ នឹងមានម៉្ញូបកាន់តែច្រើនឡើង រហូតដល់មានការផ្លាស់ប្តូរវ៉ែនតាជាញឹកញាប់ ។ អ្នកខ្លះម៉្ញូបកាន់តែខ្លាំងឡើងអាចអានសៀវភៅបានដោយមិនចាំបាច់ប្រើវ៉ែនតា ហៅថា “ភ្នែកត្រលប់” ។ នៅពេលដែលភ្នែកឡើងបាយកាន់តែខ្លាំងឡើង ភ្នែកស្រអាប់រហូតដល់ពាក់វ៉ែនតាក៏មិនអាចជួយបាន អាចសង្កេតបានពីការមើលតាមកូនក្រមុំភ្នែក ដែលធម្មតាមើលឃើញពណ៌ខ្មៅ អាចនឹងប្តូរជាពណ៌លឿង ឬពណ៌ស ។ 
៣. ចាញ់ពន្លឺ ។
៤. មើលឃើញពណ៌ផ្សេងៗខុសប្លែកពីប្រក្រតី ។ 
ប្រសិនបើមិនព្យាបាលទុកយូរពេកនោះ អាចកើតការជ្រៀតជ្រែកបាន ដូចជា ទឹកដក់ភ្នែក ការរលាកក្នុងភ្នែក ដែលបណ្តាលឱ្យឈឺភ្នែក ភ្នែកក្រហម និងអាចបង្កឱ្យបាត់បង់ការគំហើយនៅទីបំផុត ។ 


វិធីសាស្ត្រការព្យាបាល 
វេជ្ជបណ្ឌិតផ្នែកភ្នែកនឹងត្រួតពិនិត្យធ្វើរោគវិនិច្ឆ័យយ៉ាងលំអិត ដើម្បីកំណត់ប្រភេទ តំណែង និងភាពធ្ងន់ធ្ងរនៃជំងឺឡើងបាយ ។ ក្រៅពីនេះ នៅមានការពិនិត្យសម្ពាធភ្នែក និងពិនិត្យកំណកចាហួយបាតភ្នែក និងបាតភ្នែកយ៉ាងលំអិត ដើម្បីឱ្យប្រាកដថាបាយភ្នែកជាមូលហេតុធ្វើឱ្យមានការស្រអាប់ ឬមានជំងឺភ្នែកផ្សេងរួមផងដែរ ។ 

ក្នុងករណីខ្លះចក្ខុពេទ្យខ្លះអាចត្រូវប្រើថ្នាំបន្តក់ភ្នែក ដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរនៃបាយភ្នែក ។ ប៉ុន្តែមិនមានថ្នាំណាមួយដែលអាចបន្ថយឬបំបាត់ជំងឺបាយភ្នែកបានទេ ។ នៅពេលដែលភ្នែកស្រវាំងរហូតដល់មានបញ្ហាក្នុងការប្រើជីវិតប្រចាំថ្ងៃ គួរព្យាបាលដោយការវះកាត់ ឬបកបាយភ្នែក និងដាក់កែវភ្នែកសិប្បនិម្មិតដល់អ្នកជំងឺ ដើម្បីឱ្យមើលឃើញរយៈឆ្ងាយបានតាមប្រក្រតី ។ 


វិធីសាស្ត្របកបាយភ្នែក 
១. វិធីសាស្ត្ររំលាយបាយភ្នែកដោយម៉ាស៊ីនកំព្យូទ័រស្វ័យប្រវត្តិឈ្មោះ “ហ្វេកូ” (Phacoemulsification + Intraocular Lens Implantation)
ការរំលាយបាយភ្នែកដោយប្រើ Ultrasound  ជាវិធីសាស្ត្រដែលពេញនិយមបំផុតនាពេលបច្ចុប្បន្ន ដោយមន្ទីរពេទ្យច័កស៊ុ រ័ត្តនីន ជាមន្ទីរពេទ្យឯកជនដំបូងគេដែលមានការព្យាបាលជំងឺ បាយភ្នែកដោយប្រើវិធីសាស្ត្រនេះ ។  

ចក្ខុពេទ្យនឹងបើកចន្លោះតូចៗ នៅនឹងភ្នែកសប្រហែលជា ៣ មម. ដើម្បីដាក់ឧបករណ៍ចក្ខុសាស្ត្រចូលទៅកន្លែងបាយភ្នែក នឹងប្រើ Ultrasound ចូលទៅបំបែកនិងកំចាត់បាយភ្នែករហូតអស់ ទុកតែសំបកក្រោយនៃកែវភ្នែកសម្រាប់ទ្រកែវភ្នែកសិប្បនិម្មិត រួចហើយដាក់កែវភ្នែកសិប្បនិម្មិតចូលទៅ ។ ដោយសារតែរបួសដែលកើតចេញពីការព្យាបាលនេះមានខ្នាតតូចណាស់ ទើបជាសះបានដូចធម្មតាយ៉ាងលឿន ដោយមិនចាំបាច់ដេរក្រោយពីការវះកាត់សម្រាប់អ្នកជំងឺភាគច្រើន ។ ក្រោយពីការវះកាត់អ្នកជំងឺមិនអាចមើលឃើញច្បាស់បានភ្លាមៗនោះទេ និងប្រើជីវិតបានតាមប្រក្រតី ប៉ុន្តែត្រូវប្រុងប្រយ័ត្នមិនឱ្យទឹកចូលភ្នែកក្រោយពីការរំលាយបាយភ្នែកតាមរយៈពេលដែលវេជ្ជបណ្ឌិតបានកំណត់ និងសំអាតគ្រាប់ភ្នែក ទទួលទានថ្នាំ និងបន្តក់ថ្នាំ តាមការណែនាំរបស់វេជ្ជបណ្ឌិតឱ្យបានហ្មត់ចត់ ។ 

២. វិធីវះកាត់បាយភ្នែកដោយមានស្នាមរបួសធំ  
ជាវិធីវះកាត់ពីមុនដែលប្រើនៅក្នុងករណីដែលបាយភ្នែកឡើងរឹងខ្លាំង មិនងាយស្រួលក្នុងការរំលាយដោយ Ultrasound ។ ចក្ខុពេទ្យនឹងបើកចន្លោះតាមបណ្តោយដែលភ្ជាប់គ្នារវាងកញ្ចក់ភ្នែកខ្មៅ និងជញ្ជាំងភ្នែកសបរិវេណពាក់កណ្តាល់ខាងលើកែវភ្នែកប្រវែងប្រហែងជា ១០ មម. ដើម្បីយកកញ្ចក់កែវភ្នែកដែលជាបាយភ្នែកចេញ ដោយទុកតែសំបកក្រោយសម្រាប់ដាក់កែវភ្នែកសិប្បនិម្មិតចូលទៅជំនួស ។ ក្រោយពីនោះទើបបិទរបួសដោយនីឡុង
ស្តើងប្រភេទពិសេស ។ 


ហេតុអ្វីត្រួវដាក់កែវភ្នែកសិប្បនិម្មិត ? 
ក្រោយពីការរំលាយកែវភ្នែកនៅភ្នែកដែលមានបាយភ្នែករួចហើយ គ្រាប់ភ្នែកនឹងមិនមានកញ្ចក់កែវភ្នែកដើម្បីធ្វើតួនាទីក្នុងការបង្រួមពន្លឺដែលនាំឱ្យខ្សែភ្នែកនៅស្រវាំង ។ ដូច្នេះហើយ ទើបគ្រួពេទ្យបានដាក់កែវភ្នែកសិប្បនិម្មិតដើម្បីឱ្យមើលឃើញបានតាមធម្មតា ។ 


កែវសិប្បនិម្មិត 
កែវសិប្បនិម្មិត គឺវត្ថុម្យ៉ាងដែលចក្ខុពេទ្យប្រើសម្រាប់ដាក់ចូលទៅក្នុងស្រទាប់ដែលរុំកញ្ចក់ក្នុងគ្រាប់ភ្នែក ក្រោយពីការរំលាយបាយភ្នែកទៅហើយ ដើម្បីប្រើក្នុងការវាស់កែវសិប្បនិម្មិត ។ 

ការដាក់កែវសិប្បនិម្មិត ឬដែលហៅថា “ការដាក់កែវភ្នែកសិប្បនិម្មិត” ដែលចក្ខុពេទ្យនឹងមានការវាស់ខ្នាតទំហំគ្រាប់ភ្នែក និងទម្រង់កែវភ្នែកដើម្បីប្រើក្នុងការគណនាពីកំលាំងកញ្ចក់កែវសិប្បនិម្មិតឱ្យបានត្រឹមត្រូវ មុននឹងធ្វើការរំលាយបាយភ្នែក ។ ក្រោយពីការដាក់កែវសិប្បនិម្មិតរួចហើយ អ្នកជំងឺអាចមើលឃើញរូបភាពបានច្បាស់ល្អដូចកាលពីមុនកើតជំងឺភ្នែកឡើងបាយ ។ 

កែវភ្នែកសិប្បនិម្មិត មានអាយុការប្រើប្រាស់បានយូររហូតអស់មួយជីវិត ។ ហើយច្រើនជាង៩៥ % នៃអ្នកជំងឺដែលទទួលការព្យាបាលបាយភ្នែកត្រូវដាក់កែវភ្នែកសិប្បនិម្មិតនឹងទទួលបានលទ្ផផលការមើលឃើញប្រសើរឡើង ។ មានចំនួនតិចតួចដែលមានបញ្ហាមិនអាចចាំងពន្លឺបាន ក្រោយពីដាក់កែវភ្នែកសិប្បនិម្មិតជាច្រើនឆ្នាំ ខ្សែភ្នែកដែលធ្លាប់មើលឃើញច្បាស់ក៏នឹងស្រវាំងបន្តិចម្តងៗ គ្រូពេទ្យអាចកែបញ្ហានេះបានដោយយ៉ាងលឿននិងងាយស្រួល មិនឈឺចាប់ដោយការប្រើ Yzag Laser ដើម្បីកំចាត់ភាពស្រអាប់នេះឱ្យអស់បានទាន់ពេលហើយមើលឃើញបានតាមធម្មតា ។ 

ការដាក់កែវភ្នែកសិប្បនិម្មិត មិនមានផលវិបាក ផលប៉ះទង្គិចពីការធ្វើធ្ងន់ធ្ងរណាមួយនោះទេ វៀរលែងតែត្រូវប្រយ័ត្នកុំឱ្យភ្នែកខាងដែលដាក់កែវសិប្បនិម្មិតនោះប៉ះទង្គិចខ្លាំងដោយផ្ទាល់ ព្រោះថាកែវដែលដាក់អាចរំកិលបាន និងធ្វើឱ្យភ្នែកស្រវាំងភ្លាមៗ ។ 

ការដាក់កែវភ្នែកសិប្បនិម្មិត ជាការដាក់កែវទុកយូររហូតអស់មួយជីវិត ដោយមិនមានការផ្លាស់ប្តូរខ្នាត ព្រោះថាបើមានការផ្លាស់ប្តូរត្រូវធ្វើការវះកាត់ថ្មីម្តងទៀត ។ ហើយច្រើនតែមិនមានការជួបប្រទះផលវិបាកដោយការដាក់កែវភ្នែកសិប្បនិម្មិត ប្រសិនបើអ្នកជំងឺបានទទួលការវះកាត់បាយភ្នែកបានដោយត្រឹមត្រូវតាំងពីដំបូង ។ 



ប្រការគួរប្រុងប្រយ័ត្នក្រោយរំលាយបាយភ្នែក 
១. ឱ្យពាក់វ៉ែនដើម វ៉ែនតាការពារខ្យល់ ឬវ៉ែនតាការពារកំដៅថ្ងៃ ដើម្បីការពារការញីភ្នែកនិងបង្ការការប៉ះទង្គិចនៅនឹងភ្នែក និងមុនគេងរាល់យប់ត្រូវបិទភ្នែកដែលរំលាយបាយភ្នែកដោយ Eye Shield (គម្រប់បិទភ្នែក) ដើម្បីបង្ការការញីភ្នែកពេលគេងលក់ផងដែរ ។ 
២. ហាមទឹកចូលភ្នែកដោយដាច់ខាត តាមរយៈពេលដែលគ្រួពេទ្យបានកំណត់ ដើម្បីបង្ការមេរោគឆ្លងចូលភ្នែក ត្រូវប្រើកន្សែងដែលស្អាតជ្រលក់ទឹក ជួតមុខជំនួសការលប់លាងមុខ និងមិនគួរកក់សក់ដោយខ្លួនឯងនោះទេ គួរគេងផ្ងាឱ្យអ្នកដទៃកក់ឱ្យ ហើយក្នុងកំឡុងពេលកក់សក់គួរបិទភ្នែក ដើម្បីបង្ការទឹកដែលអាចខ្ទាត់ចូលភ្នែកបាន ។ 
៣. ធ្វើការសំអាតភ្នែកតាមវិធីដែលគ្រួពេទ្យបានណែនាំយ៉ាងហ្មត់ចត់ ។ 
Eye Knowledge

ជំងឺរលាកសរសៃបាតភ្នែកបណ្តាលមកពីជំងឺទឹកនោមផ្អែម

VIEW | 5,672

​​​​​​​ជំងឺទឹកនោមផ្អែមជាជំងឺម្យ៉ាងដែលកើតឡើងពីបំលាស់ប្តូរមិនប្រក្រតីក្នុងការដុត និង សន្សំ ជាតិ ស្ករក្នុងឈាម បង្កឱ្យមានផលវិបាកធ្វើឱ្យភ្នែកស្រវាំងសម្រាប់អ្នកជំងឺខ្លះ ពីព្រោះកំលាំង នៃខ្សែភ្នែក ផ្លាស់ប្តូរទៅតាមកំរិតនៃជាតិស្ករក្នុងឈាមដែលមិនថេរ ។ ហើយក្នុងរយៈពេលយូរ ទំហំនៃសរសៃ ឈាមដែលមានទំហំតូចនិងមានការផ្លាស់ប្តូរទូទាំងរាងកាយ និងមានផលប៉ះពាល់ ដល់ភ្នែក របស់ អ្នក ជំងឺជាច្រើនយ៉ាង ជាពិសេសសរសៃបាតភ្នែកខូច និងមានបញ្ហាទឹកដកភ្នែក ដែលអាចបណ្តាលឱ្យភ្នែក ខ្វាក់នៅទីបំផុត ។ ក្រៅពីនេះអ្នកជំងឺទឹកនោមផ្អែមមានឱកាសកើតជំងឺភ្នែកឡើងបាយលឿនជាងធម្មតា ដោយសារតែមានជាតិស្ករក្នុងឈាមច្រើនជាងប្រក្រតី ។ 

By : Hathairat, M.D.
VIEW MORE

ជំងឺរបើកបាតភ្នែក

VIEW | 4,838

បាតភ្នែកជាស្រទាប់កោសិកាដែលមានលក្ខណៈស្តើងថ្លា ប្រកបដោយសរសៃប្រសាទនិងកោសិកាដែលមានលក្ខណៈប្រែប្រួលរហ័សទៅនឹងពន្លឺ ហ៊ុំព័ទ្ធជុំវិញជញ្ជាំងផ្នែកខាងក្រោយនៃកែវភ្នែក ។ បាតភ្នែកប្រៀបដូចទៅនឹងហ្វីលថតរូបអញ្ចឹងដែរ នៅពេលដែលពន្លឺចូលមកតាមភ្នែកហើយផ្តោតទៅបាតភ្នែក កោសិកាដែលងាយប្រែប្រួលទៅនឹងពន្លឺមានតួនាទីក្នុងការទទួលរូបភាពហើយ បញ្ជួនតទៅកាន់ខួរក្បាលតាមរយៈសរសៃប្រសាទ ។ នៅពេលដែលបាតភ្នែករហែកខាតឬដាច់រលាត់ចេញពីជញ្ជាំងខាងក្រោយនៃភ្នែក កោសិកាទទួលពន្លឺចាប់ផ្តើមខ្សោយសមត្ថភាពរហូតមិនអាចបញ្ជួនរូបភាពទៅកាន់ខួរក្បាលបាន ។ ដូច្នេះហើយភ្នែកចាប់ផ្តើមមានបញ្ហាក្នុងការទទួលរូបភាព ប្រសិនបើមិនបានទទួលការព្យាបាលជាបន្ទាន់ ភ្នែកចាប់ផ្តើមបាត់បង់គំហើញបន្តិចម្តងៗ រហូតដល់ពិការភ្នែកនៅទីបំផុត ។

By : Sombat, M.D.
VIEW MORE