ជំងឺទឹកដក់ក្នុងភ្នែក

ជំងឺទឹកដក់ក្នុងភ្នែក គឺជាជំងឺភ្នែកម្យ៉ាងមិនមែនជាជំងឺឆ្លងនោះទេ ប៉ុន្តែមានគ្រោះថ្នាក់អាចធ្វើឱ្យភ្នែកបាត់បង់គំហើញបាន ។ អ្នកជំងឺភាគច្រើនមិនដឹងថាខ្លួនឯងកើតជំងឺនេះទេ ជាពិសេសក្នុងដំណាក់កាលដំបូងនៃជំងឺ នេះ ប៉ុន្តែនៅពេលដែលបានដឹងច្រើនតែបាត់បង់គំហើញច្រើនទៅហើយ ។ ដូច្នេះហើយ ជំងឺទឹកដក់ក្នុងភ្នែកអាចកើតឡើងចំពោះភ្នែកទាំងសងខាង ដែលបណ្តាលមកពីភាពខុសប្រក្រតីនៃសម្ពាធទឹកក្នុងភ្នែកដែលតែងកើនឡើងបន្តិចម្តងៗ រហូតដល់ទៅបំផ្លាញ់សរសៃបាតភ្នែក ហើយនឹងបាត់បង់គំហើញនៅទីបំផុត ។ ហើយមូលហេតុមួយចំនួនក៏បណ្តាលមកពីតំណពួជផងដែរ ។ ជំងឺទឹកដក់ភ្នែកដែលជួបប្រទះជាញឹកញាប់ ច្រើនតែជាប្រភេទទឹកដក់ភ្នែកបែបមុំបើក (Primary open-angle glaucoma) ។ 


មូលហេតុដែលកើតជំងឺទឹកដក់ក្នុងភ្នែក
ភាពខុសប្រក្រតីនៃសម្ពាធទឹកក្នុងភ្នែក ជាមូលហេតុចម្បងដែលបណ្តាលឱ្យមានជំងឺទឹកដក់ក្នុងភ្នែក ។ ភ្នែករបស់មនុស្សមានសរីរាង្គមួយដែលហៅថា ផ្នែកថតខាងមុខ ឬ Anterior chamber ដែលស្ថិតនៅចន្លោះប្រស្រីភ្នែកនិងខូនា ។ នៅក្នុងនោះមានផ្ទុកសារធាតុរាវម្យ៉ាង ឈ្មោះ Aqueous humor ។ សារធាតុរាវនេះ មានតួនាទីនាំយកអុកស៊ីសែននិងអាហារទៅចិញ្ចឹមពាសពេញបរិវេណនៃជាលិកា ។ ហើយអត្រាការសាងសារធាតុរាវនេះមានតុល្យភាពគ្នាទៅអត្រាការហូរចេញទៅក្រៅ ដូច្នេះហើយវាធ្វើឱ្យសម្ពាធទឹកក្នុងភ្នែកមានសភាពធម្មតា ។                   

ប៉ុន្តែចំពោះអ្នកដែលកើតជំងឺទឹកដក់ក្នុងភ្នែក ទឹកដែលហូរចេញពីខូនា តាមថតខាងមុននៃខូនា មានកម្រិតតិចទៅៗទើបមានការស្ទះសារធាតុរាវក្នុងកែវភ្នែករហូតធ្វើឱ្យសម្ពាធក្នុងភ្នែកកាន់តែកើនឡើងជាលំដាប់ ។ បើសម្ពាធទឹកក្នុងភ្នែកកាន់តែឡើងទៅៗជាប់ជានិច្ចអស់រយៈពេលយូរ សម្ពាធទឹកក្នុងកែវភ្នែកនេះនឹងទៅស្កត់សរសៃប្រសាទភ្នែក ធ្វើឱ្យឈាមទៅចិញ្ចឹមសរសៃប្រសាទមិនគ្រប់គ្រាន់ បណ្តាលឱ្យសរសៃប្រសាទភ្នែកខូច ស្វិត ស្នូលនៃសរសៃប្រសាទភ្នែកត្រូវបំផ្លាញអស់ ដូច្នេះហើយភ្នែកចាប់ផ្តើមស្រវាំងនឹងឈានទៅដល់ការបាត់បង់គំហើញទាំងស្រុងនៅទីបំផុត ។                                                                                                                    

ហេតុដូច្នេះហើយ ភ្នែកមានសភាពរឹងដូចដុំថ្ម ដែលបណ្តាលមកពីសម្ពាធទឹកក្នុងភ្នែកដែលខ្ពស់ឡើង ខាងផ្នែកវេជ្ជសាស្ត្រឱ្យឈ្មោះថា “ទឹកដក់ក្នុងភ្នែក” ។ 

កត្តាដែលងាយប្រឈមនឹងជំងឺទឹកដក់ក្នុងភ្នែក  
  • អ្នកដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ប៉ុន្តែអាចជួបប្រទះឃើញចំពោះអ្នកដែលមានអាយុតិចជាងនេះ (ទោះជាយ៉ាងណាក៏ដោយ ទឹកដក់ក្នុងភ្នែកកើតចេញពីមូលហេតុច្រើនយ៉ាងរួមគ្នា មិនមែនគ្រាន់តែអាយុប៉ុណ្ណោះនោះទេ) ។ 
  • ប្រវត្តិគ្រួសារធ្លាប់មានទឹកដក់ក្នុងភ្នែក នឹងទទួលបានទម្រង់ភ្នែកដែលប្រឈមនឹងការកើតទឹកដក់ក្នុងភ្នែក 
  • អ្នកដែលមានម៉្ញូបខ្ពស់ ឃើញថាមានទំហំកែវភ្នែកធំ បាតភ្នែកស្តើង ងាយប្រឈមទៅនឹងសម្ពាធទឹកក្នុងភ្នែកទៅសង្កត់ប្រសាទភ្នែក បណ្តាលឱ្យងាយខូចលឿនជាងដែលមានខ្សែភ្នែកធម្មតា ។    
  • អ្នកដែលមានអ៊ីពែមេត្រូបខ្ពស់ ឃើញថាមានទំហំកែវភ្នែកតូច មានថតខាងមុខរាក់និងមុំចង្អៀត បណ្តាលឱ្យមានឱកាសប្រឈមនឹងការកើតទឹកដក់ក្នុងភ្នែកបានងាយជាងមនុស្សដែលមានភ្នែកធម្មតា ។ 
  • អ្នកជំងឺទឹកនោមផ្អែម អ្នកដែលមានភាពខុសប្រក្រតីនៃប្រព័ន្ធចរន្តឈាម ដូចជា ជំងឺបេះដូង លើសសម្ពាធឈាម ត្បៀតសរសៃឈាម ឃើញថាងាយប្រឈមនឹងការកើតជំងឺទឹកដក់ក្នុងភ្នែកជាងមនុស្សដែលមានសុខភាពល្អ ។ 
  • មនុស្សសម្បុរលឿង សណ្តែកបាយ និងជនជាតិស្បែកខ្មៅ ដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ ប្រឈមនឹងការកើតទឹកដក់ក្នុងភ្នែកដល់ទៅ ៥ ដងនៃជនជាតិស្បែកស មានអាការៈធ្ងន់ធ្ងរនិងឱកាសបាត់បង់គំហើញច្រើនជាងជនជាតិស្បែកសដល់ទៅ ៤ ដង ហើយក្នុងកំឡុងពេលអាយុ ៤៥ - ៦៤ ឆ្នាំជនជាតិស្បែកខ្មៅដែលកើតទឹកដក់ក្នុងភ្នែក នឹងប្រឈមនឹងការបាត់បង់គំហើញច្រើនជាងជនជាតិស្បែកសដល់ទៅ ១៥ ដង ។  
  • អ្នកដែលមានការប៉ះទង្គិចភ្នែក
  • អ្នកដែលមានបញ្ហាទាក់ទងនឹងទម្រង់របស់កែវភ្នែក ដូចជា កែវភ្នែកតូច ឬមានភាពខុសប្រក្រតីខាងខ្សែភ្នែកផ្សេងៗ ។ 
 
   


ប្រភេទនៃជំងឺទឹកដក់ក្នុងភ្នែក 
១. ទឹកដក់ក្នុងភ្នែកប្រភេទ 
១.១ ប្រភេទមុំបើក (Primary open-angle glaucoma)  ប្រភេទនេះជាជំងឺទឹកដក់ក្នុងភ្នែកដែលជួបប្រទះជាញឹកញប់ ចែកចេញជា ២ ប្រភេទ គឺ ប្រភេទដែលមានសម្ពាធទឹកក្នុងភ្នែកខ្ពស់ និងប្រភេទដែលមានសម្ពាធទឹកក្នុងភ្នែកធម្មតា ។ ជំងឺទឹកដក់ ក្នុងភ្នែកទាំង ២ ប្រភេទនេះ មិនមានការឈឺភ្នែក ឬភ្នែកក្រហមនោះឡើយ ។ អ្នកជំងឺភាគច្រើនមិនដឹងថាខ្លួនកើតជំងឺទឹកដក់ក្នុងភ្នែកនោះទេ ។ ប៉ុន្តែភ្នែកនឹងបាត់បង់គំហើញបន្តិចម្តងៗ អាចសង្កេតឃើញការផ្លាស់ប្តូរក្នុងរយៈពេលយូររាប់ខែ ឬរាប់ឆ្នាំក៏មាន ។ ប្រសិនបើមិនបានទទួលការព្យាបាលយ៉ាងទាន់ពេលនោះទេ នឹងបណ្តាលឱ្យភ្នែកងងិតបាននៅទីបំផុត ។ ប៉ុន្តែបើបានទទួលការព្យាបាលយ៉ាងត្រឹមត្រូវនិងឆាប់រហ័សនោះ នឹងអាចព្យាបាលភ្នែកបាន ។ 
១.២ ប្រភេទមុំបិទ (Primary angle-closure glaucoma)  ចែកចេញជា ២ ប្រភេទទៀត គឺ ៖ 
(១) ទឹកដក់ក្នុងភ្នែកប្រភេទស្រួចស្រាវ កើតឡើងដោយសារសម្ពាធទឹកក្នុងភ្នែកឡើងខ្ពស់ភ្លាមៗ បណ្តាលឱ្យស្រវាំងភ្នែកយ៉ាងគំហុក អាចឃើញរង្វង់ឥន្ទធនូនៅជុំវិញភ្លើង ๐ឈឺភ្នែកយ៉ាងខ្លាំង ភ្នែកក្រហម ឈឺក្បាល ក្អួត ចង្អោរ ភាគច្រើនទទួលទានបំបាត់ការឈឺចាប់ក៏នៅតែមិនបាត់ ។ ប្រសិនបើមិនបានទទួលការព្យាបាលឱ្យទាន់ពេលនោះអាចបណ្តាលឱ្យខ្វាក់បានយ៉ាងឆាប់រហ័ស ។ 
(២) ទឹកដក់ក្នុងភ្នែកប្រភេទរ៉ាំរ៉ៃ កើតចេញពីសម្ពាធទឹកក្នុងភ្នែកឡើងយឺតៗ អាចមិនខ្ពស់ខ្លាំងនោះទេ មានការឈឺភ្នែក ឈឺក្បាលតិចតួច ឬមិនឈឺឡើយ ។ ភ្នែកចាប់ផ្តើមស្រវាំងបន្តិចម្តងៗ ដោយមិនមានការសង្កេតឃើញ ថាមានភាពខុសប្រក្រតី មនុស្សភាគច្រើនតែងមិនគិតពីបញ្ហានេះរហូតដល់បាតភ្នែកខូចច្រើន ទើបមកជួបគ្រូពេទ្យ ដែលអាចយឺតពេលក្នុងការព្យាបាលឱ្យត្រឡប់មកសភាពដើមវិញ ។

សារធាតុរាវដែលនៅខាងមុខកែវភ្នែកនឹងហូរចេញតាមកន្លែងស្រូបចេញ Trabecular Meshwork ដែលនៅត្រង់បរិវេណមុំថតខាងមុខកែវភ្នែក ។

បច្ចុប្បន្នជួបប្រទះអ្នកជំងឺទឹកដក់ក្នុងភ្នែកដែលមានសម្ពាធទឹកក្នុងភ្នែកស្ថិតនៅមាត្រដ្ឋានប្រក្រតី ( ២១ មីលីម៉ែត្របារ៉ត) កាន់តែច្រើនឡើង ដោយមិនបានពីមូលហេតុឱ្យបានច្បាស់លាស់ ។ សន្និដ្ឋានថាអាចកើតចេញពីសម្ពាធទឹកក្នុងភ្នែកខ្ពស់នៅពេលខ្លះ ដែលមិនចំពេលដែលគ្រូពេទ្យពិនិត្យ កើតចេញពីភាពខុសប្រក្រតីនៃការចរន្តឈាមត្រង់បរិវេណបាតភ្នែក ឬកើតចេញពីជាលិកាបាតភ្នែកទន់ខ្សោយជាងប្រក្រតី រោគសញ្ញាដូចគ្នាទៅនឹងទឹកដក់ក្នុងភ្នែកប្រភេទរ៉ាំរ៉ៃ ។ វិធីសាស្ត្រការព្យាបាលដូចគ្នាទៅនឹងទឹកដក់ក្នុងភ្នែកប្រភេទរ៉ាំរ៉ៃដែរ ដោយសារតែឃើញថាការចុះថយសម្ពាធទឹកក្នុងភ្នែកអាចពន្យាឬទប់ការវិវត្តរបស់ជំងឺបាន ។ 

២. ជំងឺទឹកដក់ក្នុងភ្នែកប្រភេទ Secondary glaucoma
គឺជាជំងឺទឹកដក់ក្នុងភ្នែកដែលកើតចេញពីមូលហេតុផ្សេងៗ ដូចជា កើតចេញពីទឹកដក់ក្នុងភ្នែកខ្លាំង រលាកប្រសីភ្នែក គ្រោះថ្នាក់ផ្នែកភ្នែក ការប្រើថ្នាំបន្តក់ភ្នែកប្រភេទស្តេរ៉យរយៈពេលយូរ បណ្តាលមកពីទឹកនោមផ្អែម ការស្ទះសរសៃឈាមនៅបាតភ្នែក ឬក្រោយពីវះកាត់ភ្នែកប្រភេទខ្លះ ។ 

៣. ជំងឺទឹកដក់ក្នុងភ្នែកពីកំណើត  (Congenital glaucoma)
ជាជំងឺទឹកដក់ក្នុងភ្នែកដែលជួបប្រទះចំពោះទារកទើបកើតរហូតដល់អាយុ ៣ ឆ្នាំ មូលហេតុអាចជាតំណពួជ ឬបណ្តាលមកពីមូលហេតុផ្សេងទៀត ដូចជា មាតាមានកញ្ច្រើលក្នុងកំឡុងពេលមានគភ៌ រោគសញ្ញាទឹកដក់ក្នុងភ្នែកប្រភេទនេះគឺ កុមារមានហូរទឹកភ្នែក ចាញ់ពន្លឺ មិនព្រមបើកភ្នែក កែវភ្នែកមានទំហំរីកធំ ភ្នែកខ្មៅទំហំធំជាធម្មតា កញ្ចក់ភ្នែកខ្មៅសស្រអាប់ ប្រសិនបើមិនបានទទួលការព្យាបាលទាន់ពេលកុមារអាចមើលមិនឃើញ ហើយពិការភ្នែកនៅទីបំផុត ។

រោគសញ្ញា 
១. បាត់បង់គំហើញ ដូចជាមើលពន្លឺកាន់តែតួច មិនឃើញផ្នែកជុំវិញ ឬបើបិទភ្នែកមើលម្ខាងម្តងអាចមានកន្លែងខ្លះមើលមិនឃើញ ។ 
២. ភ្នែកស្រវាំង រោគសញ្ញានេះនឹងបង្ហាញឡើងនៅពេលដែលជំងឺធ្ងន់ធ្ងរហើយ ។ 
៣. នៅក្នុងពន្លឺតិចៗនឹងមើលមិនឃើញច្បាស់ដូចដើម ។ 
៤. មើលឃើញឥន្ទធនូជុំវិញ អំពូលភ្លើង ។ 
៥. ករណីដែលទឹកដក់ក្នុងភ្នែកប្រភេទស្រួចស្រាវ នឹងមានរោគសញ្ញា ចង្អោរ ក្អួត និងឈឺក្បាល ព្រមទាំងគំហើញមានការថយចុះយ៉ាងគំហុក ។ 


វិធីព្យាបាល 
ទោះបីជាជំងឺទឹកដក់ក្នុងភ្នែកព្យាបាលមិនជាសះស្បើយបាន ពីព្រោះថាបាតភ្នែកខូចរហូតមិនអាចព្យាបាលឱ្យត្រលប់មកដូចដើមបាន ។ ប៉ុន្តែការព្យាបាលដែលត្រឹមត្រូវអាចបង្កាមិនឱ្យបាតភ្នែកត្រូវបំផ្លាញឱ្យកាន់តែច្រើនឡើងថែមទៀត ។ នៅពេលដែលជួបប្រទះឃើញថា ទឹកដក់ក្នុងភ្នែក អ្នកជំងឺត្រូវទទួលការព្យាបាលដើម្បីគ្រប់គ្រងសម្ពាធក្នុងភ្នែកឱ្យស្ថិតនៅក្នុងកម្រិតដែលមានសុវត្ថិភាព ហើយវិធីព្យាបាលមានច្រើនវិធីដូចខាងក្រោម ៖ 

១. ការប្រើថ្នាំ 
សម្រាប់ការប្រើថ្នាំគឺមានទាំងថ្នាំបន្តក់ ថ្នាំគ្រាប់និងថ្នាំសម្រាប់ចាក់ចូលសរសៃឈាមដើម្បីជួយបញ្ចុះការផលិតទឹកដែលចិញ្ចឹមខាងក្នុងកែវភ្នែក ឬទៅពង្រីកចរន្តបញ្ចេញ ស្រូបឱ្យកាន់តែប្រសើរឡើង ។ ប៉ុន្តែដោយសារតែថ្នាំមានប្រសិទ្ធិភាពមិនយូរ អ្នកជំងឺត្រូវព្យាយាមដាក់ថ្នៃឱ្យទៀងពេលតាមការណែនាំរបស់គ្រូពេទ្យយ៉ាងហ្មត់ចត់ ។ ប្រសិនបើប្រើថ្នាំមិនទៀងទាត់ សម្ពាធទឹកនឹងឡើងខ្ពស់នៅពេលដែលថ្នាំអស់ប្រសិទ្ធិភាព ហើយបំផ្លាញគំហើញរបស់អ្នកជំងឺរហូតដល់បាត់បង់គំហើញនៅទីបំផុត ។ ក្រៅពីនេះអ្នកជំងឺត្រូវទៅត្រួតពិនិត្យ ព្យាបាលជាមួយគ្រូពេទ្យជាប្រចាំ ដើម្បីវាស់មើលសម្ពាធទឹកក្នុងភ្នែក និងខ្សែភ្នែក រួមទាំងការពិនិត្យផ្សេងទៀត ដើម្បីធានាបានថាការប្រើថ្នាំនោះគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជំងឺបាន គ្រូពេទ្យនឹងជួយផ្លាស់ប្តូរវិធីការព្យាបាលទៅតាមសភាពជំងឺ ។ 

២. វិធីព្យាបាលដោយប្រើឡាស៊ែរ៍ និងវិធីព្យាបាលដោយការវះកាត់ 
សម្រាប់អ្នកជំងឺដែលប្រើថ្នាំមិនបានឬប្រើថ្នាំមិនមានប្រសិទ្ធិភាព ដោយសារថ្នាំមិនអាចបញ្ចុះសម្ពាធទឹកក្នុងភ្នែកបាន ឬអាល់ឡ័រហ្ស៊ីទៅថ្នាំ ត្រូវប្រើវិធីបាញ់កាំរស្មីឡាស៊ែរ៍ ឬការវះកាត់ ដោយត្រូវបង្កើតផ្លូវទឹក (Trabeculectomy) ថ្មីដើម្បីឱ្យមានផ្លូវទឹកចេញស្រួល ។ វិធីប្រើសម្រាប់អ្នកជំងឺដែលសរសៃប្រសាទភ្នែកត្រូវបានបំផ្លាញអស់ជាច្រើន ទោះបីជាសម្ពាធទឹកក្នុងភ្នែកមិនខ្ពស់ខ្លាំងក្តី ឬអ្នកជំងឺដែលប្រើថ្នាំមិនបានឬប្រើហើយមិនមានប្រសិទ្ធិភាព ហើយអ្នកជំងឺស្នាក់នៅឆ្ងាយពីកន្លែងព្យាបាលមិនអាចមកទទួលការព្យាបាលជាប់ជានិច្ចបាន ។ 

ការជ្រើសរើសវិធីព្យាបាលណាមួយ អាស្រ័យលើប្រភេទ ភាពធ្ងន់ធ្ងរនិងរោគសញ្ញានៃជំងឺ និងការពិចារណារបស់វេជ្ជបណ្ឌិតជំនាញផ្នែកភ្នែក 
ភាគច្រើនជំងឺទឹកដក់ក្នុងភ្នែកកើតឡើងដោយខ្លួនឯង ប៉ុន្តែអ្នកជំងឺខ្លះកើតចេញពីការប្រើថ្នាំបន្តក់ភ្នែកប្រភេទខ្លះដែលទិញមកដោយខ្លួនឯង ដូចជា ថ្នាំបន្តក់ភ្នែកប្រភេទស្តេរ៉យ ដែលប្រើក្នុងការព្យាបាលការរលាក តែអាច
បណ្តាលឱ្យកើតជំងឺទឹកដក់ក្នុងភ្នែកបាន ប្រសិនបើប្រើជាប់ជាប្រចាំអស់ច្រើនដប ដូច្នេះហើយទើបមិនគួរទិញមកបន្តក់ដោយខ្លួនឯង គួរប្រើថ្នាំតាមការណែនាំរបស់គ្រូពេទ្យតែប៉ុណ្ណោះ ។ សម្រាប់អ្នកជំងឺដែលគ្រួពេទ្យយល់ឃើញថា មានឱកាសកើតជំងឺទឹកដក់ក្នុងភ្នែក ឬកើតឡើងរួចហើយចំពោះភ្នែកម្ខាង គ្រូពេទ្យនឹងណែនាំឱ្យអ្នកជំងឺការពារមិនឱ្យភ្នែកម្ខាងទៀតកើតឡើងដែរ ដោយសារតែទឹកដក់ក្នុងភ្នែកច្រើនតែកើតទាំងសងខាង ហើយវិធីការពារគឺត្រូវបន្តក់ថ្នាំ ការបាញ់កាំរស្មីឡាស៊ែរ៍ ឬការវះកាត់ ។ 





ការថែរក្សាខ្លួនរបស់អ្នកជំងឺទឹកដក់ក្នុងភ្នែក 
អ្នកជំងឺអាចរស់នៅបានតាមធម្មតា ប៉ុន្តែត្រូវយកចិត្តទុកដាក់ ប្រើថ្នាំតាមពេលវេលាដែលគ្រូពេទ្យណែនាំយ៉ាង ហ្មតចត់ ទៅត្រួតពិនិត្យភ្នែកយ៉ាងទៀងទាត់តាមការណាត់របស់គ្រូពេទ្យ ។ 

ចំពោះការហាត់ប្រាណនោះ ភាគច្រើនអ្នកជំងឺអាចលេងកីឡាបានគ្រប់ប្រភេទ វៀរលែងតែកីឡាដែលត្រូវដាំក្បាលទាបយូរ មានអ្នកជំងឺទឹកដក់ក្នុងភ្នែកប្រភេទខ្លះតែប៉ុណ្ណោះដែលមិនអាចហាត់ប្រាណបាន ហើយគ្រូពេទ្យនឹងមានការណែនាំពីការហាត់ប្រាណ ។ 

ទោះបីជាជំងឺទឹកដក់ក្នុងភ្នែកភាគច្រើន មិនអាចព្យាបាលឱ្យត្រឡប់មកដូចដើមវិញមិនបាន ប៉ុន្តែការព្យាបាលដែលត្រឹមត្រូវ អាចថ្នមខ្សែភ្នែក និងសរសៃប្រសាទភ្នែកមិនឱ្យខូចខ្លាំងឡើង រហូតដល់ពិការភ្នែកបាន ។ 

ដោយសារតែជំងឺទឹកដក់ក្នុងភ្នែកមិនអាចព្យាបាលឱ្យជាសះស្បើយបាន ឬឱ្យប្រសើរឡើង ការការពារមិនឱ្យកើតជំងឺទឹកដក់ក្នុងភ្នែកជាវិធីដែលល្អបំផុត ទោះបីជាជំងឺទឹកដក់ក្នុងភ្នែកភាគច្រើនកើតឡើងដោយខ្លួនឯងហើយការពារមិនបាន ប៉ុន្តែមានច្រើនប្រភេទដែលអាចចការពារបាន ជាពិសេសជំងឺទឹកដក់ក្នុងភ្នែកប្រភេទស្រួចស្រាវ ឬទឹកដក់ក្នុងភ្នែកប្រភេទមុំបិទ ដែលជួបប្រទះជាច្រើនសម្រាប់មនុស្សនៅតំបន់អាស៊ី ។ 

ដូច្នោះហើយគួរថែរក្សាភ្នែក ជៀសវាងគ្រោះថ្នាក់ និងមិនត្រូវទិញថ្នាំមកបន្តក់ដោយខ្លួនឯង អ្នកដែលមានអាយុច្រើនជាង ៣៥ ឆ្នាំ ហើយប្រឈមនឹងការកើតជំងឺទឹកដក់ក្នុងភ្នែកបានដោយងាយ ដូចជាមានក្រុមគ្រូសារកើតជំងឺទឹកដក់ក្នុងភ្នែក ភ្នែកម៉្ញូប ឬអ៊ីពែមេត្រូប មានឆ្នៅក្រហមឬខ្មៅនៅនឹងផ្ទៃមុខ លើសសម្ពាធឈាម ឬធ្លាប់មានគ្រោះថ្នាក់ត្រង់បរិវេណភ្នែកពីមុនមក គួរទទួលការពិនិត្យដោយគ្រូពេទ្យឯកទេសផ្នែកភ្នែកយ៉ាងហោចណាស់ ១ ឆ្នាំម្តង។ 
Eye Knowledge

ជំងឺបាយភ្ភែក

VIEW | 6,322

ជំងឺបាយភ្នែកគឺជាសភាវៈការផ្លាស់ប្តូរតាមធម្មជាតិដែលបណ្តាលមកពីការស្រអាប់របស់ “កែវភ្នែក” ឬ “កញ្ចក់ភ្នែក” ។ ជាទូទៅកែវភ្នែកមានលក្ខណៈថ្លាដែលអនុញ្ញាតឱ្យពន្លឺរស្មីឆ្លងកាត់ដល់សសៃរ៉េទីនសមល្មមអាចមើលឃើញរូបភាពបានច្បាស់ ។ នៅពេលដែលកើតជំងឺបាយភ្នែក បាតភ្នែកទទួលពន្លឺមិនគ្រប់គ្រាន់ បណ្តាលឱ្យមានការស្រអាប់ ហាកបីដូចជាការមើលតាមកញ្ចក់ស្រអាប់ នៅពេលដែលកែវភ្នែកកាន់តែស្រអាប់ របបគំហើញកាន់តែថយចុះតាមលំដាប់ ។ ដូច្នេះហើយ ជំងឺបាយភ្នែកមិនមានការរលាក ឬឈឺចាប់ណាមួយនោះទេ ។ ជំងឺនេះ ច្រើនជួបប្រទះចំពោះមនុស្សចាស់ ជាទូទៅកើតក្នុងកំឡុងអាយុ ៥៥ - ៦៤ ឆ្នាំ ជួបប្រទះ ៤០% ចំណែកឯក្នុង កំឡុងពេលអាយុ ៦៥ - ៧៤ ឆ្នាំ ជួបប្រទះ ៥០ % និងអាយុច្រើនជាង ៧៤ ឆ្នាំ ជួបប្រទះការកើតជំងឺបាយភ្នែកច្រើនជាង ៩០ % ។

By : Hathairat, M.D.
VIEW MORE