ជំងឺរបើកបាតភ្នែក

បាតភ្នែកជាស្រទាប់កោសិកាដែលមានលក្ខណៈស្តើងថ្លា ប្រកបដោយសរសៃប្រសាទនិងកោសិកាដែលមានលក្ខណៈប្រែប្រួលរហ័សទៅនឹងពន្លឺ ហ៊ុំព័ទ្ធជុំវិញជញ្ជាំងផ្នែកខាងក្រោយនៃកែវភ្នែក ។ បាតភ្នែកប្រៀបដូចទៅនឹងហ្វីលថតរូបអញ្ចឹងដែរ នៅពេលដែលពន្លឺចូលមកតាមភ្នែកហើយផ្តោតទៅបាតភ្នែក កោសិកាដែលងាយប្រែប្រួលទៅនឹងពន្លឺមានតួនាទីក្នុងការទទួលរូបភាពហើយ

បញ្ជួនតទៅកាន់ខួរក្បាលតាមរយៈសរសៃប្រសាទ ។ នៅពេលដែលបាតភ្នែករហែកខាតឬដាច់រលាត់ចេញពីជញ្ជាំងខាងក្រោយនៃភ្នែក កោសិកាទទួលពន្លឺចាប់ផ្តើមខ្សោយសមត្ថភាពរហូតមិនអាចបញ្ជួនរូបភាពទៅកាន់ខួរក្បាលបាន ។ ដូច្នេះហើយភ្នែកចាប់ផ្តើមមានបញ្ហាក្នុងការទទួលរូបភាព ប្រសិនបើមិនបានទទួលការព្យាបាលជាបន្ទាន់ ភ្នែកចាប់ផ្តើមបាត់បង់គំហើញបន្តិចម្តងៗ រហូតដល់ពិការភ្នែកនៅទីបំផុត ។ 

ជំងឺរបើកបាតភ្នែក មានឱកាសកើតប្រហែលជា ១ ក្នុងចំណោមប្រជាជន ១០,០០០ នាក់ ក្នុងមួយឆ្នាំ ទោះបីជាជួបប្រទះតិចតួចប៉ុន្តែវាជាបញ្ហាធ្ងន់ធ្ងរមួយចំពោះភ្នែក ហើយវាអាចកើតឡើងចំពោះមនុស្សគ្រប់រូបគ្រប់វ័យ ជាពិសេសវ័យកណ្តាលនិងវ័យចំណាស់ដែលមានភ្នែកម៉្ញូបខ្លាំង ឬមានប្រវត្តិក្រុមគ្រួសារកើតជំងឺនេះពីមុនមក ។ មូលហេតុផ្សេងទៀតដែលអាចមានគឺ ភ្នែកប៉ះទង្គិចអ្វីមួយយ៉ាងខ្លាំងនិងកត្តាតំណពួជ ។ 
មូលហេតុដែលកើតជំងឺរបើកបាតភ្នែក 





របើកបាតភ្នែកច្រើនតែកើតឡើងដោយសារការខ្សោយនៃសារធាតុចាហួយបាតភ្នែក ជាទូទៅនៅក្នុងភ្នែកយើងពោរពេញទៅដោយចាហួយថ្លាៗដែលគេហៅថា “ទឹកចាហួយភ្នែក” ។ នៅពេលដែលចាហួយភ្នែកខ្សោយវាមានការបំបែកខ្លួន បង្កឱ្យមានផលវិបាកទៅនឹងបាតភ្នែកដាច់រលាត់ ។ ជំងឺរបើកបាតភ្នែកដែលកើតចេញពីមូលហេតុខាងលើបែងចែកចេញជាពីរប្រភេទដូចខាងក្រោម៖ 

១. របើកបាតភ្នែកដោយមានប្រហោង 
ជាទូទៅចាហួយភ្នែកស្អិតជាប់ណែនទៅនឹងបាតភ្នែកដែលស្ថិតនៅខាងក្រោយកែវភ្នែក ។ ធម្មជាតិរបស់មនុស្សគឺនៅពេលមានអាយុកាន់តែច្រើនឡើងចាហួយភ្នែកចាប់ផ្តើមខ្សោយ ហើយរួមតូច ជួនកាលទាញ់ស្រទាប់សាច់បាតភ្នែកមួយចំនួនឱ្យរលាត់តាមទៅដែរ បណ្តាលឱ្យមានប្រហោងនៅតាមបាតភ្នែក ។ ទោះជាចាហួយភ្នែកខ្សោយនិងរួមតូចទៅតាមធម្មជាតិនៅពេលមនុស្សមានអាយុកាន់តែច្រើនឡើងក៏ដោយ ប៉ុន្តែក៏មានមនុស្សចំនួនតិចតួចទេដែលមានផលវិបាកទៅលើបាតភ្នែក ។ ចំណែកឯមូលហេតុផ្សេងទៀត គឺភ្នែកម៉្ញូបខ្លាំង ការរលាកខាងក្នុងកែវភ្នែក ភ្នែកប៉ះទង្គិចខ្លាំង ជាពិសេសក្នុងករណីដែលមានឈាមចេញនៅចាហួយភ្នែក ។ 

២. របើកបាតភ្នែកដោយមានការរហែកឬរលាត់
របើកបាតភ្នែកកើតចេញពីការដែលមានប្រហោងដាច់ឬធ្លុះ បណ្តាលឱ្យចាហួយភ្នែកតាមស្នាមដាច់រហែកឬប្រហោងនៅនឹងបាតភ្នែកចូលទៅស្រទាប់បាតភ្នែក និងជញ្ញាំងផ្នែកខាងក្រោយភ្នែក ។ 

ក្រៅពីនេះនៅមានជំងឺរបើកបាតភ្នែកដែលកើតឡើងដោយសារមូលហេតុនៃជំងឺផ្នែកភ្នែកផ្សេងទៀត ដូចជា ដុះសាច់ក្នុងភ្នែក រលាកភ្នែកខ្លាំង ឬរលាកបាតភ្នែកដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម រលាកបាតភ្នែកប្រភេទនេះមិនមានប្រហោងនៅនឹងបាតភ្នែកនោះទេ ដូច្នេះការព្យាបាលទើបផ្តោតទៅរកមូលហេតុរបស់ជំងឺជាសំខាន់ ។ 


រោគសញ្ញា     
១. មានឃើញស្រមោលខ្មៅ ឬឃើញផ្ទាំងដែលកើតឡើងមួយពព្រិចភ្នែក ឬបើធ្លាប់ឃើញហើញឃើញកាន់តែខ្លាំងឡើង ។ 
២. មានភ្លើងដូចភ្លើងផ្លែកបន្ទោរកើតឡើងទាំងពេលបើកនិងបិទភ្នែក ។
៣. មានស្រមោលដូចវាំននខ្មៅមកបាំង បណ្តាលឱ្យភ្នែកស្រវាំងនិងងងិតនៅទីបំផុត ។ 


ប្រការគួរចង់ចាំ 
នៅពេលដែលមានរោគសញ្ញាដូចខាងលើ ទោះបីជារោគសញ្ញាណាមួយក៏ដោយ អ្នកជំងឺគួរត្រូវទៅពិនិត្យជាមួយគ្រូពេទ្យឱ្យបានល្អភ្លាមៗ ដើម្បីឱ្យជាក់ច្បាស់ថាមានស្នាមដាច់ឬរលាត់នៅបាតភ្នែកឬអត់ ព្រោះថាបើមានហើយមិនបានទទួលការព្យាបាលឱ្យទាន់ពេលនោះ អ្នកជំងឺអាចកើតជំងឺរបើកបាតភ្នែកកម្រិតធ្ងន់ធ្ងររហូតដល់ខ្វាក់ភ្នែកបាន ។ 


ក្រុមអ្នកដែលមានការប្រឈមនឹងជំងឺ
ជំងឺនេះកើតឡើងចំពោះអ្នកដែលមានម៉្ញូបខ្ពស់ មានប្រវតិ្តការរបើកបាតភ្នែកហើយម្ខាង មានការប៉ះទង្គិចក្រោយពីការបកបាយភ្នែក និងអ្នកដែលមានប្រវតិ្តក្រុមគ្រួសារកើតជំងឺរបើកបាតភ្នែក គឺជាក្រុមមនុស្សដែលមានការប្រឈមខ្ពស់ ដូច្នេះគួរទៅពិនិត្យយ៉ាងលំអិតពីគ្រូពេទ្យជំនាញផ្នែកភ្នែក ជាប្រចាំ ។ 

 
 


ការត្រួតពិនិត្យ និងធ្វើរោគវិនិច្ឆ័យ 
ជំងឺរបើកបាតភ្នែកមិនអាចពិនិត្យឃើញដោយអាស្រ័យការមើលពីក្រៅបានទេ ប្រសិនបើអ្នកជំងឺណាមួយមានរោគសញ្ញាខាងលើនេះ ឬមានការប្រឈមនឹងជំងឺនេះខ្ពស់ គ្រូពេទ្យនឹងពិនិត្យ ធ្វើរោគវិនិច្ឆ័យយ៉ាងហ្មត់ចត់ ដោយប្រើឧបរណ៍វេជ្ជសាស្ត្រសម្រាប់ពិនិត្យបាតភ្នែក Ophthalmoscope ដែលមានពន្លឺនិងការពង្រីកខ្ពស់ ធ្វើឱ្យគ្រូពេទ្យអាចពិនិត្យរកតំណែងនៃបាតភ្នែកដែលរហែក ឬស្តើងជាងប្រក្រតី ។ ជួនកាលគ្រូពេទ្យត្រូវប្រើឧបរណ៍ពិសេសជួយពិនិត្យវិនិច្ឆ័យ ដូចជា មីក្រូទស្សន៍ (Slit Lamp) រួមជាមួយនិង Contact Lense ពិសេស ព្រមទាំងឧបរកណ៍ពិនិត្យភ្នែកដោយ Ultrasound ជាដើម ។ 
    

វិធីព្យាបាល 
១. ក្នុងករណីដែលបាតភ្នែកមានការរហែកឬមានប្រហោង តែមិនទាន់រលាត់ចេញមក 
គ្រូពេទ្យនឹងពិនិត្យមើលតំណែងនៃជំងឺ ដើម្បីពិចារណាថានឹងជ្រើសរើសវិធីណាមួយ គឺ ៖ 
១.១ ការបាញ់កាំរស្មីឡាស៊ែរ៍ទៅនឹងបាតភ្នែក  (Argon Multiwavelength)
ចក្ខុពេទ្យនឹងបាញ់កាំរស្មីឡាស៊ែរ៍ទៅជុំវិញកន្លែងដែលរហែកឬប្រហោងធ្លុះ ដើម្បីផ្សាភ្ជាប់ឱ្យណែនទៅនឹងជញ្ជាំងខាងក្រោយកែវភ្នែក ធ្វើឱ្យចាហួយភ្នែកមិនអាចជ្រាបចូលទៅបាតភ្នែក ។ ហើយក្រោយការព្យាបាល អ្នកជំងឺអាចត្រលប់ទៅផ្ទះបានភ្លាម ដោយមិនចាំបាច់សម្រាកនៅមន្ទីរពេទ្យនោះទេ ។ 

១.២ វិធីព្យាបាលដោយប្រើ Cryoplexy
    គ្រូពេទ្យប្រើឧបករណ៍ដែលមានភាពត្រជាក់ខ្លាំងដុតជញ្ជាំងខាងក្រៅនៃកែវភ្នែកចំបាតភ្នែកដែលរហែកឬចំកន្លែងដែលធ្លុះ ភាពត្រជាក់នឹងផ្សាភ្ជាប់ស្នាមរហែកឱ្យជាប់គ្នានឹងជញ្ជាំងផ្នែកខាងក្រោយក្នុងកែវភ្នែក ដូចគ្នាទៅនឹងការព្យាបាលដោយបាញ់ឡាស៊ែរ៍ដែរ ។ ក្រោយការព្យាបាលអ្នកជំងឺអាចត្រលប់ទៅផ្ទះវិញបាន ដោយមិនចាំបាច់សម្រាក់នៅមន្ទីរពេទ្យនោះឡើយ ។ 

២. ករណីដែលបាតភ្នែករហែកឬមានប្រហោង ហើយបាតភ្នែករបើក រលាត់ចេញមកហើយ  ចក្ខុពេទ្យនឹងព្យាបាលតាមវិធីសាស្ត្រដូចខាងក្រោមនេះ ៖
២.១ បាញ់បញ្ចូលហ្គាស (Retinopneumoplexy)
គ្រូពេទ្យនឹងបាញ់បញ្ចូលហ្គាសចូលទៅក្នុងចាហួយភ្នែក ដើម្បីរុញឱ្យបាតភ្នែកត្រឡប់ទៅជាប់ជាមួយនឹងជញ្ជាំងផ្នែកខាងក្រោយនៃកែវភ្នែក រួចហើយបាញ់ឡាស៊ែរ៍ ឬដុតដោយវិធីត្រជាក់ដើម្បីបិទប្រហោងដែលធ្លុះ ។ 

២.២  ដេរដោយស៊ីលីកូនទ្រជញ្ជាំងភ្នែកផ្នែកសនិងចងខ្សែស៊ីលីកូនជុំវិញកែវភ្នែក (Scleral Buckling)
គឺជាវិធីវះកាត់ចោះទឹកក្រោមបាតភ្នែកចេញរួចហើយដេរផ្ទាំង Silicone Strap ជុំវិញកែវភ្នែក ដើម្បីទ្រឱ្យជញ្ជាំងភ្នែកផ្នែកសស្រកទៅជាប់ជាមួយនឹងប្រហោងធ្លុះនៅបាតភ្នែក ហើយបិទប្រហោងធ្លុះដោយការបាញ់កាំរស្មីឡាស៊ែរ៍ឬដុតដោយវិធីត្រជាក់ ។ 

២.៣ ការវះកាត់ចាហួយភ្នែក (Vitrectomy)
គ្រូពេទ្យនឹងកាត់យកចាហួយភ្នែកចេញ ដើម្បីកាត់បន្ថយកំលាំងទាញនៃចាហួយភ្នែកទៅនឹងបាតភ្នែក ឬដើម្បីបកយកភ្លាសដែលជាប់នឹងបាតភ្នែក ។ ក្រោយពីការវះកាត់គ្រូពេទ្យអាចដាក់បញ្ចូលហ្គាស (Gas-Fluid Exchange) ឬSilicone oil ឬPerflurocarbon liquid ទុកជំនួស

ចាហួយភ្នែកជាបណ្តោះអាសន្ន ដើម្បីឱ្យមានកំលាំងរុញនៅបាតភ្នែកឱ្យជាប់ដូចដើមវិញ ។ 

ជាង ៨៥ % - ៩០ % នៃអ្នកជំងឺរបើកបាតភ្នែក អាចព្យាបាលឱ្យជាសះស្បើយបានដោយការព្យាបាលតែម្តងប៉ុណ្ណោះ ។ ប៉ុន្តែអ្នកជំងឺខ្លះដែលមានរបើកបាតភ្នែកបែបស្មុគ្រស្មាញ អាចត្រូវមកព្យាបាលច្រើនជាង ១ ដង ។ 

សម្រាប់ការដាក់ថ្នាំសណ្តំក្នុងកំឡុងពេលព្យាបាលដោយវិធីវះកាត់ចាហួយភ្នែក និងវិធី Scleral Buckling នឹងជ្រើសរើសប្រើវិធីដាក់ថ្នាំសណ្តំឬថ្នាំស្ពឹកបែបចំគោលដៅ អាស្រ័យលើសភាពរបស់អ្នកជំងឺនិងរយៈពេលនៃការវះកាត់ អ្នកជំងឺដែលមានជំងឺរបើកបាតភ្នែកប្រភេទមិនស្មុគ្រស្មាញ អាចត្រឡប់ទៅផ្ទះភ្លាមក្រោយការវះកាត់ បន្ទាប់មកត្រលប់មកពិនិត្យនៅថ្ងៃបន្ទាប់ ប៉ុន្តែអ្នកជំងឺខ្លះតម្រូវឱ្យមានការគេងសម្រាកនៅមន្ទីរពេទ្យ ១-  ៣ ថ្ងៃ តាមសភាពអ្នកជំងឺនិងការព្យាបាលរបស់គ្រូពេទ្យ ។ ក្នុងករណីដែលត្រូវការការមើលថែយ៉ាងជិតស្និទ្ធប្រសិនបើមានការស្មុគ្រស្មាញក្នុងការព្យាបាល ។ ចំណែកឯអ្នកជំងឺដែលត្រូវដាក់បញ្ចូលហ្គាសក្នុចាហួយភ្នែក ត្រូវអង្គុយឬគេងផ្កាប់មុខមួយរយៈរហូតដល់បាតភ្នែកបិទជាប់ណែនឡើងវិញ ។ 

អ្នកជំងឺខ្លះដែលមានជំងឺរបើកបាតភ្នែកប្រភេទធ្ងន់ធ្ងរនិងរ៉ាំរ៉ៃ មានភ្នាសសាច់ណែនជាប់នឹងបាតភ្នែកដែលរលាត់ឱ្យរួមចូលគ្នា ។ ករណីនេះគ្រូពេទ្យទំនងជាមិនអាចពន្លាបាតភ្នែកឱ្យត្រលប់មកដូចដើមវិញបានឡើយ ។ អ្នកជំងឺនឹងបាត់បង់គំហើញបន្តិចម្តងៗរហូតដល់ភ្នែកខ្វាក់នៅទីបំផុត ។ 

ដូច្នោះហើយ អ្នកជំងឺដែលមានរោគសញ្ញាណាមួយនៃជំងឺរបើកបាតភ្នែក ត្រូវប្រញាប់មកជួបវេជ្ជបណ្ឌិតជំនាញផ្នែកភ្នែកដើម្បីត្រួតពិនិត្យភ្នែក ។ ជាពិសេសការត្រួតពិនិត្យបាតភ្នែកឱ្យបានហ្មត់ចត់ ដើម្បីស្វែងរកមូលហេតុការខុសប្រក្រតី ហើយទទួលការព្យាបាលបានទាន់ពេលវេលា ។ 

 
Eye Knowledge

ជំងឺទឹកដក់ក្នុងភ្នែក

VIEW | 8,744

ជំងឺទឹកដក់ក្នុងភ្នែក គឺជាជំងឺភ្នែកម្យ៉ាងមិនមែនជាជំងឺឆ្លងនោះទេ ប៉ុន្តែមានគ្រោះថ្នាក់អាចធ្វើឱ្យភ្នែកបាត់បង់គំហើញបាន ។ អ្នកជំងឺភាគច្រើនមិនដឹងថាខ្លួនឯងកើតជំងឺនេះទេ ជាពិសេសក្នុងដំណាក់កាលដំបូងនៃជំងឺ នេះ ប៉ុន្តែនៅពេលដែលបានដឹងច្រើនតែបាត់បង់គំហើញច្រើនទៅហើយ ។ ដូច្នេះហើយ ជំងឺទឹកដក់ក្នុងភ្នែកអាចកើតឡើងចំពោះភ្នែកទាំងសងខាង ដែលបណ្តាលមកពីភាពខុសប្រក្រតីនៃសម្ពាធទឹកក្នុងភ្នែកដែលតែងកើនឡើងបន្តិចម្តងៗ រហូតដល់ទៅបំផ្លាញ់សរសៃបាតភ្នែក ហើយនឹងបាត់បង់គំហើញនៅទីបំផុត ។ ហើយមូលហេតុមួយចំនួនក៏បណ្តាលមកពីតំណពួជផងដែរ ។ ជំងឺទឹកដក់ភ្នែកដែលជួបប្រទះជាញឹកញាប់ ច្រើនតែជាប្រភេទទឹកដក់ភ្នែកបែបមុំបើក (Primary open-angle glaucoma) ។

By : Nont, M.D.
VIEW MORE